Thursday, November 13, 2014

វៀតណាម​​​គ្រោង​ដាក់​​លក់​អាកាសយានដ្ឋាន​នៅ​លើ​​កោះ​ត្រល់

អាកាសយានដ្ឋាន​ដែល​ស្ថិត​នៅ​លើ​កោះ Phu Quoc (កោះត្រល់) ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ប្រកាស​ថា នឹង​ដាក់​លក់​ជា​ផ្លូវការ​​នៅ ពេល​ខាងមុខ​ដើម្បី​ប្រមូល​​​​យក​ថវិកា​​​ទៅ​សាងសង់​អាកាសយានដ្ឋាន​ជា​ច្រើន​ទៀត។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​សាជីវកម្ម​អាកាសយានដ្ឋាន​វៀតណាម (ACV)កាល​ពី​ចុង​ខែ​តុលា។ ​​​

យោង​តាម​​​ប្រសាសន៍​របស់​លោក​ Le Manh Hung អគ្គនាយក​​ក្រុមហ៊ុន​​​ខាងលើ​បាន​​ឲ្យ​ដឹង​​ថា​ ក្រសួង​​ដឹកជញ្ជូន​​វៀតណាម​កំពុង​ពិចារណា​​ផ្ទេរ​​គម្រោង​សាងសង់​​​អាកាសយានដ្ឋាន​មួយ​ចំនួន​ទៅ​ឲ្យ​អ្នក​វិនិយោគ​ ហើយ​ក្នុង​នោះ​អាកាសយានដ្ឋាន Phu Quoc អាច​ជា​អាកាសយានដ្ឋាន​ដំបូង​ដែល​ត្រូវ​ពិចារណា​មុន​គេ។

​​អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ​បាន​បន្ត​ទៀត​ថា ក្រសួង​ដឹក​ជញ្ជួន​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ចង់​ឃើញ​មាន​ការ​ចូលរួម​អភិវឌ្ឍ​វិស័យ​អាកាសចរណ៍​បាន​កាន់តែ​ច្រើន​ឡើង ពី​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​ជា​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​វិញ។ ផ្អែក​តាម​គោលនយោបាយ​របស់​ក្រសួង អាកាសយានដ្ឋាន​នេះ​អាច​នឹង​ត្រូវ​ដាក់​លក់​មុន​គេ។

លោក Le Manh Hung ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា អាកាសយានដ្ឋាន Phu Quoc ដែល​​​ស្ថិត​នៅ​លើ​កោះ Phu Quoc ឬ កោះត្រល់​នោះ នឹង​ត្រូវ​ប្រើប្រាស់​កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍ​ប្រមាណ ១៤១,២ លាន​ដុល្លារ​ និង បាន​ចាប់​ផ្តើម​សាងសង់​តាំង​ពី​ខែ​ចុង​ឆ្នាំ ២០១២ មក ម្ល៉េះ​។ 

គេ​រំពឹង​ថា នៅ​ពេល​សាងសង់​រួចរាល់​អាកាសយានដ្ឋាន​នេះ​អាច​​ផ្ទុក​​អ្នកដំណើរ​បាន ២,៦៥ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​​នៅ​ក្នុង​ឆ្នាំ ២០២០ ខាងមុខ ហើយ​ចំនួន​នេះ​នឹង​កើន​ឡើង​បន្ត​​រហូត​ដល់ ៧ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៣០​ខាងមុខ។ 

ចាប់​តាំង​ពី​ខែ មករា ដល់​ ខែ​សីហា ឆ្នាំ ២០១៤ នេះ​ មាន​​ជើងហោះហើរ​ ៥ ៦៣២ ​ជើង​បាន​ចុះចត​នៅ​ក្នុង​អាកាសយានដ្ឋាន​នេះ​ជា​មួយ​អ្នកដំណើរ​ ៦៦៦ ០០០​នាក់។ ជា​សរុប​ចំនួន​នេះ​នឹង​កើន​ឡើង​រហូត​ដល់ ១ លាន​នាក់ នៅ​បំណាច់​ឆ្នាំ​នេះ ឬ កើន​ឡើង​៤៥% ពី​ឆ្នាំ​ទៅមិញ៕