អាកាសយានដ្ឋានដែលស្ថិតនៅលើកោះ Phu Quoc (កោះត្រល់) ត្រូវបានរដ្ឋាភិបាលវៀតណាមប្រកាសថា នឹងដាក់លក់ជាផ្លូវការនៅ ពេលខាងមុខដើម្បីប្រមូលយកថវិកាទៅសាងសង់អាកាសយានដ្ឋានជាច្រើនទៀត។ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV)កាលពីចុងខែតុលា។
យោងតាមប្រសាសន៍របស់លោក Le Manh Hung អគ្គនាយកក្រុមហ៊ុនខាងលើបានឲ្យដឹងថា ក្រសួងដឹកជញ្ជូនវៀតណាមកំពុងពិចារណាផ្ទេរគម្រោងសាងសង់អាកាសយានដ្ឋានមួយចំនួនទៅឲ្យអ្នកវិនិយោគ ហើយក្នុងនោះអាកាសយានដ្ឋាន Phu Quoc អាចជាអាកាសយានដ្ឋានដំបូងដែលត្រូវពិចារណាមុនគេ។
អគ្គនាយកក្រុមហ៊ុនរូបនេះបានបន្តទៀតថា ក្រសួងដឹកជញ្ជួនរបស់រដ្ឋាភិបាលទីក្រុងហាណូយចង់ឃើញមានការចូលរួមអភិវឌ្ឍវិស័យអាកាសចរណ៍បានកាន់តែច្រើនឡើង ពីការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទៅជាការបណ្តុះបណ្តាលធនធានមនុស្សវិញ។ ផ្អែកតាមគោលនយោបាយរបស់ក្រសួង អាកាសយានដ្ឋាននេះអាចនឹងត្រូវដាក់លក់មុនគេ។
លោក Le Manh Hung បានបញ្ជាក់បន្ថែមទៀតថា អាកាសយានដ្ឋាន Phu Quoc ដែលស្ថិតនៅលើកោះ Phu Quoc ឬ កោះត្រល់នោះ នឹងត្រូវប្រើប្រាស់កញ្ចប់ថវិកាសម្រាប់អភិវឌ្ឍប្រមាណ ១៤១,២ លានដុល្លារ និង បានចាប់ផ្តើមសាងសង់តាំងពីខែចុងឆ្នាំ ២០១២ មក ម្ល៉េះ។
គេរំពឹងថា នៅពេលសាងសង់រួចរាល់អាកាសយានដ្ឋាននេះអាចផ្ទុកអ្នកដំណើរបាន ២,៦៥ លាននាក់ក្នុងមួយឆ្នាំនៅក្នុងឆ្នាំ ២០២០ ខាងមុខ ហើយចំនួននេះនឹងកើនឡើងបន្តរហូតដល់ ៧ លាននាក់នៅក្នុងឆ្នាំ ២០៣០ខាងមុខ។
ចាប់តាំងពីខែ មករា ដល់ ខែសីហា ឆ្នាំ ២០១៤ នេះ មានជើងហោះហើរ ៥ ៦៣២ ជើងបានចុះចតនៅក្នុងអាកាសយានដ្ឋាននេះជាមួយអ្នកដំណើរ ៦៦៦ ០០០នាក់។ ជាសរុបចំនួននេះនឹងកើនឡើងរហូតដល់ ១ លាននាក់ នៅបំណាច់ឆ្នាំនេះ ឬ កើនឡើង៤៥% ពីឆ្នាំទៅមិញ៕